ផ្លែខ្នុរគឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឥណ្ឌាខាងត្បូង។ វាគឺជាផ្នែកមួយនៃគ្រួសាររុក្ខជាតិ Moraceae ដែលរួមបញ្ចូលទាំងផ្លែមន និងចំប៉ាដក់ជាដើម។ ទិដ្ឋភាពពិសេសមួយនៃផ្លែខ្នុរគឺមានទំហំធំខុសពីធម្មតា។ វាជាផ្លែឈើដែល ធំជាងគេបំផុតនៅលើពិភពលោកដែលអាចមានឡើងទម្ងន់ដល់ទៅ ៣៥ គីឡូក្រាម។ ផ្លែខ្នុរមានរសជាតិផ្អែមឆ្ងាញ់ វាត្រូវបានគេនិយាយថាមានរសជាតិស្រដៀងទៅនឹងការរួមបញ្ចូលគ្នានៃផ្លែឈើរួមមាន ផ្លែប៉ោម ម្នាស់ ស្វាយ និងចេក។ ទោះបីជាផ្លែខ្នុរត្រូវបានដាំដុះនៅតំបន់ត្រូពិកក៏ដោយក៏វាត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅតាមតំបន់ផ្សេងទៀតនៃពិភពលោក។ ផ្នែកដែលត្រូវបានគេបរិភោគជាទូទៅបំផុតនៃផ្លែខ្នុរគឺសាច់ដែលអាចបរិភោគបានទាំងពេលទុំ។ វាអាចត្រូវបានប្រើនៅក្នុងម្ហូបរួមទាំងបង្អែម និងនំ។ គ្រាប់ក៏មានសុវត្ថិភាពក្នុងការបរិភោគផងដែរ។
ខ្នុរមានផ្ទុកជាមួយសារធាតុចិញ្ចឹមជាច្រើន
ខ្នុរមានជីវជាតិបំប៉នគួរឱ្យចាប់អារម្មណ៍។ វាមានផ្តល់នូវបរិមាណកាឡូរីល្មម ១៥៥ ក្នុងសាច់ខ្នុរទម្ងន់ ១៦៥ ក្រាម។ ប្រមាណជា ៩២% នៃកាឡូរីបានមកពីកាបូអ៊ីដ្រាត ខណៈដែលនៅសល់បានមកពីប្រូតេអ៊ីន និងបរិមាណខ្លាញ់តិចតួច។ លើសពីនេះផ្លែខ្នុរមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែស្ទើរតែទាំងអស់ដែលអ្នកត្រូវការក៏ដូចជាបរិមាណជាតិសរសៃផងដែរ។ សាច់ផ្លែខ្នុរ ទម្ងន់ ១៦៥ ក្រាម ផ្តល់នូវសារធាតុចិញ្ចឹមដូចខាងដូចជា កាឡូរី ១៥៥ កាបូអ៊ីដ្រាត ៤០ ក្រាម ជាតិសរសៃ ៣ ក្រាម ប្រូតេអ៊ីន ៣ ក្រាម វីតាមីនអា វីតាមីនសេ Riboflavin ម៉ាញ៉េស្យូម ប៉ូតាស្យូម ទង់ដែង និង ម៉ង់ហ្គាណែស។ អ្វីដែលធ្វើឱ្យផ្លែខ្នុរមានលក្ខណៈប្លែកពីផ្លែឈើដទៃទៀតគឺការផ្ទុកប្រូតេអ៊ីនរបស់វា។ វាផ្តល់នូវប្រូតេអ៊ីនច្រើនជាង ៣ ក្រាមក្នុងមួយពែងបើប្រៀបធៀបទៅនឹង ០-១ ក្រាមក្នុងប្រភេទផ្លែឈើស្រដៀងគ្នាផ្សេងទៀតដូចជាផ្លែប៉ោម និងផ្លែស្វាយ។ ផ្លែខ្នុរក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទដែរដែលទំនងជាទទួលខុសត្រូវចំពោះគុណប្រយោជន៍សុខភាពភាគច្រើន។
វាអាចផ្តល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម
ផ្លែខ្នុរមានលក្ខណៈសម្បត្តិជាច្រើនដែលអាចជួយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ វាមានសន្ទស្សន៍គ្លីសេមីកទាប (GI) ដែលជារង្វាស់នៃកម្រិតជាតិស្ករក្នុងឈាម កើនឡើងបន្ទាប់ពីបរិភោគអាហារ។ ផ្លែខ្នុរត្រូវបានគេសន្មតថាជាតិសរសៃដែលវាផ្តល់ដែលធ្វើឱ្យការរំលាយអាហារថយចុះ និងជួយការពារការកើនឡើងជាតិស្ករក្នុងឈាម។ របបអាហារដែលរាប់បញ្ចូលអាហារដែលមានជាតិ GI ទាបត្រូវបានគេបង្ហាញថាមានប្រយោជន៍សម្រាប់លើកកម្ពស់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀតផ្លែខ្នុរផ្តល់នូវប្រូតេអ៊ីនមួយចំនួនដែលអាចជួយការពារកម្រិតជាតិស្ករក្នុងឈាមពីការកើនឡើងលឿនពេកក្រោយពេលបរិភោគ។ លើសពីនេះទៀតការសិក្សាលើសត្វកណ្តុរមានជំងឺទឹកនោមផ្អែមបានរកឃើញថាសារធាតុចម្រាញ់ចេញពីស្លឹកខ្នុរអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងឆាប់រហ័ស និងផ្តល់នូវការគ្រប់គ្រងជាតិស្ករក្នុងឈាមរយៈពេលវែង។ គេសន្មតថាឥទ្ធិពលទាំងនោះគឺដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម Flavonoid របស់ផ្លែខ្នុរដែលត្រូវបានគេស្គាល់ថាមានសមត្ថភាពក្នុងការលើកកម្ពស់កម្រិតជាតិស្ករក្នុងឈាមដែលមានតុល្យភាព។ ទោះបីជាលទ្ធផលពីការសិក្សាទាំងនេះមានជោគជ័យក៏ដោយការសិក្សាជាច្រើនទៀតអំពីមនុស្សដែលបរិភោគផ្លែខ្នុរស្រស់គឺចាំបាច់ដើម្បីបញ្ជាក់ពីអត្ថប្រយោជន៍សក្តានុពលទាំងនេះ។
វាអាចការពារប្រឆាំងនឹងជំងឺ
ផ្លែខ្នុរមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយចំនួនដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្សេងៗគ្នារួមទាំងការថយចុះហានិភ័យនៃជំងឺមួយចំនួន។ សារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកោសិការបស់អ្នកពីស្ត្រេសអុកស៊ីតកម្ម និងការរលាកដែលជារឿយៗបណ្តាលមកពីការខូចខាតដែលបណ្តាលមកពីម៉ូលេគុលហៅថារ៉ាឌីកាល់សេរី។ នេះគឺជាទិដ្ឋភាពទូទៅនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានច្រើនបំផុតនៅក្នុងផ្លែខ្នុរ៖
១) វីតាមីនសេ៖ ផ្លែខ្នុរមានផ្ទុកបរិមាណវីតាមីន C ខ្ពស់ដែលអាចជួយការពារការរលាកដែលអាចបណ្តាលឱ្យមានជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង និងជំងឺមហារីក។
២) សារធាតុ Carotenoids ៖ សារធាតុ Carotenoids ត្រូវបានបង្ហាញថាជួយកាត់បន្ថយការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង។
៣) Flavanones៖ Flavanones មានផ្ទុកនូវមុខងារប្រឆាំងនឹងការរលាកដែលអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម សម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង។
អត្ថប្រយោជន៍សុខភាពសក្តានុពលផ្សេងទៀត
១) ពង្រឹងភាពស៊ាំ៖ ផ្លែខ្នុរមានផ្ទុកវីតាមីនជួយបង្កើនភាពស៊ាំដែលអាចជួយការពារជំងឺបាន។ ការបរិភោគផ្លែឈើនេះក៏ត្រូវបានគេអះអាងថាមានប្រយោជន៍ផងដែរក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស។
២) ការពារបញ្ហាស្បែក៖ ផ្លែខ្នុរផ្តល់នូវសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជាវីតាមីនសេដែលអាចធ្វើអោយសុខភាពស្បែកមានភាពប្រសើរឡើង។ មានភស្តុតាងមួយថាការបរិភោគវាអាចធ្វើឱ្យស្បែកអ្នកមិនឆាប់ចាស់។
៣) សុខភាពបេះដូង៖ ផ្លែខ្នុរអាចមានសក្តានុពលក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយសារតែវាមានផ្ទុកជាតិប៉ូតាស្យូម ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ហានិភ័យនៃការបរិភោគផ្លែខ្នុរ
ទោះបីជាមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនក៏ដោយក៏មនុស្សមួយចំនួនអាចត្រូវការកំណត់ ឬចៀសវាងការបរិភោគផ្លែខ្នុរ។ មនុស្សមួយចំនួនមានអាឡែស៊ីទៅនឹងវាជាពិសេសអ្នកដែលមានអាឡែស៊ីទៅនឹងលំអងផ្កា។ លើសពីនេះទៅទៀតដោយសារសក្តានុពលរបស់វាក្នុងការថយចុះកម្រិតជាតិស្ករក្នុងឈាមមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រហែលជាត្រូវផ្លាស់ប្តូរកំរិតថ្នាំប្រសិនបើពួកគេបរិភោគផ្លែឈើនេះជាប្រចាំ។ ទោះយ៉ាងណាការទទួលទានផ្លែខ្នុរមិនដែលត្រូវបានគេរាយការណ៍ថាបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេហើយវាមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនបរិភោគ។
ប្រភព៖ HealthLine: Written by Brianna Elliott, RD on January 26, 2018